យុវជន ពេជ្រ ស្រស់ រស់នៅក្នុងគ្រួសារកសិករមួយ នៅភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តកំពង់ចាម មានបងប្អូន៨នាក់ ប្រុស៤ ស្រី៤នាក់ ហើយ ពេជ្រ ស្រស់ ជាកូនទី៤ កើតនៅថ្ងៃទី០៦ តុលា ឆ្នាំ១៩៧៩ ដោយសារតែជីវភាពនៅក្នុងគ្រួសារក្រីក្រពេក ពេជ្រ ស្រស់ ក៏បានបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៨ ដើម្បីមកធ្វើជាកម្មករនៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកថវិកាទ្រទ្រង់ជីវភាពគ្រួសារ ពីព្រោះថាមានសមាជិកគ្រួសារច្រើនពេក(សមាជិកសរុបគឺចំនួន១០នាក់)។ ក្រោយពីចំណាកស្រុកពីទីកន្លែងកំណើតមករស់នៅក្រុងភ្នំពេញជាមួយនឹងបងស្រី ដែលគាត់ធ្វើការនៅរោងចក្រកាត់ដេរ ការងារដំបូងរបស់យុវជន ពេជ្រ ស្រស់ គឺធ្វើជាកម្មករសំណង់ ដោយបានប្រាក់កម្រៃពលកម្ម មួយថ្ងៃ ៥៥០០រៀល នៅឆ្នាំ១៩៩៧ ហើយ ពេជ្រ ស្រស់ ធ្វើជាកម្មករសំណង់អស់រយៈពេលមួយឆ្នាំកន្លះ។ ដោយសារតែការងារសំណង់ប្រើកម្លាំងធ្ងន់ធ្ងរពេកធ្វើឱ្យយុវជន ពេជ្រ ស្រស់ បានប្តូរការងារពីកម្មករសំណង់ទៅស៊ីឈ្នួលលីក្រណាត់នៅរោងចក្រកាត់ដេរ ស្ថិតនៅទឹកដីសំណង់១២ ក្នុងរាជធានីភ្នំពេញ ដោយទទួលបានប្រាក់កម្រៃ ក្នុងមួយថ្ងៃ ១០០០០ រៀល ដោយលីពីជាន់ផ្ទាល់ដីរហូតដល់ជាន់ទី៤ នៃអាគារកាត់ដេរ នៅថ្ងៃមួយយុវជន ពេជ្រ ស្រស់ បានលីក្រណាត់ប៉ះដៃថៅកែនៅជាន់ទី២ ក្រោយមកថៅកែក៏បានហៅយុវជន ពេជ្រ ស្រស់ ទៅសួរនាំនៅការិយាល័យរបស់គាត់ ដោយរំពេចនោះយុវជន ពេជ្រ ស្រស់ ភ័យតក់ស្លត់យ៉ាងខ្លាំង ដោយសារតែធ្វើឱ្យប៉ះដៃថៅកែរហូតមានរបួសស្នាម ក៏ប៉ុន្តែផ្ទុយទៅវិញ គឺថៅកែមិនបានស្តីបន្ទោស ឬប្រកាន់កំហុសអ្វីនោះទេ ហើយថៅកែនោះបែរជាសួរនាំអំពីការងាររបស់យុវជន ពេជ្រ ស្រស់ ថាអាចធ្វើបានបន្តទៀតទេ? ពីព្រោះកាលនោះយុវជន ពេជ្រ ស្រស់ មានមាឌតូច ហើយស្គម ដែលមិនគួរប្រថុយលីក្រណាត់ ពីជាន់ផ្ទាល់ដីដល់ជាន់ទីបួនឡើយ ភ្លាមនោះដែរលោកថៅកែក៏ហៅប្រធានផ្នែកកាត់ដេរជាជនជាតិចិនមកណែនាំឱ្យទទួលយុវជន ពេជ្រ ស្រស់ មកធ្វើជាកម្មករកាត់ដេរវិញម្តង។ ខណៈនោះយុវជន ពេជ្រ ស្រស់ មានចិត្តត្រេកអរយ៉ាងខ្លាំង ដែលបានធ្វើជាកម្មករកាត់ដេរ ពីព្រោះវាជាការងារមានជំនាញច្បាស់លាស់នៅក្នុងវិស័យកាត់ដេរ ហើយក៏ជាការងារមានប្រាក់ខែសមរម្យ នឹងអាចសម្រាលដល់កម្លាំងកាយផងដែរ ចំពោះការងារជាកម្មករកាត់ដេរ យុវជន ពេជ្រ ស្រស់ បានចំណាយពេលធ្វើការអស់រយៈពេលបួនឆ្នាំ គឺចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៣ ដោយការផ្តល់ឱកាសពីថៅកែរោងចក្រកាត់ដេរ ដែលយុវជន ពេជ្រ ស្រស់ ធ្វើឱ្យមានរបួសស្នាមនៅពេលដែលយុវជន ពេជ្រ ស្រស់ លីក្រណាត់ឡើងទៅជាន់ទីបួននៅរោងចក្រនោះ។
បើទោះបីជាធ្វើជាកម្មកររោងចក្រក្តី យុវជន ពេជ្រ ស្រស់ មិនដែលបោះបង់ការសិក្សានោះឡើយ ក្នុងអំឡុងពេល យុវជន ពេជ្រ ស្រស់ ធ្វើជាកម្មកររោងចក្រនៅសំណង់១២នោះ គឺយុវជន ពេជ្រ ស្រស់ បានបន្តចូលរៀនបន្ថែមនូវមុខវិជ្ជាអក្សរសាស្រ្តអង់គ្លេស ដោយឆ្លៀតរៀនពេលព្រឹក និងពេលល្ងាច ហើយពេលព្រឹកចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៧ ព្រឹក ដែលយុវជន ពេជ្រ ស្រស់ ត្រូវក្រោកពីដំណេកនៅម៉ោង៥ភ្លឺ ជារៀងរាល់ថ្ងៃ ដើម្បីដើរមករៀនឱ្យបានទាន់ម៉ោងសិក្សា ដោយដើរតាំងពីភូមិបឹងឈូក (ក្រោយសាកលវិទ្យល័យមេគង្គកម្ពុជាបច្ចុប្បន្ន) មកដល់ផ្លូវច្រកចូលផ្សារសំណង់១២បច្ចុប្បន្ន ដែលវិទ្យាស្ថាននោះពីមុនគឺមានឈ្មោះថាវិទ្យស្ថានគន្ធាវ៉ាយអូមីង ប៉ុន្តែបច្ចុប្បន្នទីតាំងនោះលែងជាវិទ្យស្ថានអប់រំទៀតហើយ។
ដល់ពេលល្ងាច យុវជន ពេជ្រ ស្រស់ បានចេញពីធ្វើការរោងចក្រកាត់ដេរនៅម៉ោង 05:45 នាទីល្ងាច ដើម្បីដើរមករៀនគួ បន្ថែមនៅវិទ្យាស្ថានគន្ធាវ៉ាយអូមីង នៅម៉ោង 06:00 ល្ងាច ដល់ម៉ោង 07:00 ល្ងាច យុវជន ពេជ្រ ស្រស់ តែងតែធ្វើដូច្នេះជារៀងរាល់ថ្ងៃអស់រយៈពេល២ឆ្នាំ ទទឹមនឹងការសិក្សានោះ គឺយុវជន ពេជ្រ ស្រស់ ក៏មាននូវឆន្ទៈចង់បន្តការសិក្សានៅសាលារដ្ឋដើម្បីបញ្ចប់ថ្នាក់ទុទិយភូមិដែរ ហើយជាឱកាសល្អក៏មានមិត្តរួមការងារកំពុងសិក្សាសាលារដ្ឋនៅថ្នាក់បំពេញវិជ្ជាក្រៅប្រព័ន្ធនៅសាលាព្រះស៊ីសុវត្ថិ ស្របពេលនោះ យុវជន ពេជ្រ ស្រស់ ក៏បានរៀបចំបែបបទចូលរៀនថ្នាក់បំពេញវិជ្ជាក្រៅប្រព័ន្ធជាមួយមិត្តរួមការងារ ដើម្បីបំពេញបញ្ចប់ថ្នាក់ទី១២ ប៉ុន្តែជាអកុសល ដោយសាតែ យុវជន ពេជ្រ ស្រស់ ធ្វើការបណ្តើរ សិក្សាបណ្តើរ ក៏បានប្រលងធ្លាក់ថ្នាក់ទី១២ នៅឆ្នាំ២០០៥ ហើយខណៈនោះស្របពេល យុវជន ពេជ្រ ស្រស់ ផ្លាស់ប្តូរការងារពីកម្មករកាត់ដេរទៅរៀនធ្វើជាងម៉ាស៊ីនដេរវិញ ហើយ ពេជ្រ ស្រស់ ក៏បានបោះបង់ការសិក្សាម្តងទៀត។
បន្ទាប់មកយុវជន ពេជ្រ ស្រស់ ក៏បានចាប់យកការងារថ្មី គឺធ្វើជាជាងជួសជុលម៉ាស៊ីនដេរនៅក្នុងរោងចក្រកាត់ដេរ ដោយការងារលើកដំបូងធ្វើជាជាងជួសជុលម៉ាស៊ីនដេរនៅឆ្នាំ២០០៥ គឺ ពេជ្រ ស្រស់ ទទួលបានប្រាក់ខែ ៧៥ដុល្លារក្នុងមួយខែ (សម័យកាលប្រាក់ខែអតិបមាគឺ៥៥ដុល្លារ/ខែ) នៅរោងចក្រ ហួរហ៊ីង ក្បែផ្ទះលោកចៅសម្បត្តិ អូរបែកក្អម ដោយយុវជន ពេជ្រ ស្រស់ ធ្វើការអស់រយៈពេលបីខែក៏បានផ្លាស់ប្តូរទីកន្លែងការងារទៅធ្វើការនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ ដោយទទួលបានប្រាក់ខែដំបូង១២០ដុល្លារក្នុងមួយខែ នាគ្រានោះផងដែរ យុវជន ពេជ្រ ស្រស់ បាននឹងអភិវឌ្ឍនខ្លួនលើជំនាញជាជាងជួសជុលម៉ាស៊ីនដេរទៅជាមេជាង ហើយក៏ទទួលបាននូវប្រាក់ខែ១៧៥ដុល្លារក្នុងមួយខែ បញ្ជាក់៖ យុវជន ពេជ្រ ស្រស់ ក្រៅពីជំនាញជួសជុលម៉ាស៊ីនដេរ ក៏ជាអ្នកបកប្រែភាសាចិន និងអង់គ្លេសបណ្តោះអាសន្ននៅក្នុងរោងចក្រផងដែរ នៅថ្ងៃមួយក្នុងឆ្នាំ២០០៥ដដែល យុវជន ពេជ្រ ស្រស់ បានស្គាល់ជនជាតិហ្វីលីពិនម្នាក់ ដែលជាមេជាងធំនៅក្នុងរោងចក្រកាត់ដេរ ឃីង ហ្វេសិន នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលស្នើឱ្យ យុវជន ពេជ្រ ស្រស់ ទៅធ្វើការនៅទីនោះដោយសន្យាផ្តល់ប្រាក់ខែ២១៥ដុល្លារក្នុងមួយខែ ភ្លាមនោះយុវជន ពេជ្រ ស្រស់ ក៏បានសម្រេចចិត្តផ្លាស់ទីកន្លែងការងារទៅធ្វើជាមួយជនជាតិ ហ្វីលីពីន នោះតែម្តង ដោយមហិច្ឆិតា យុវជន ពេជ្រ ស្រស់ ចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យកម្រិតបរិញ្ញាបត្ររង ទើបជម្រុញឱ្យ ពេជ្រ ស្រស់ ផ្លាស់ប្តូរទីកន្លែងការងារ ដើម្បីស្វែងរកប្រាក់ខែខ្ពស់នៅក្នុងគោលបំណងផ្គង់ផ្គង់ការសិក្សាថ្នាក់មហាវិទ្យាល័យ។ ក្រោយពីបានចូលធ្វើការនៅរោងចក្រ ឃីង ហ្វេសិន បាន៦ខែមក យុវជន ពេជ្រ ស្រស់ ក៏បានស្នើសុំទៅគណៈគ្រប់គ្រងរោងចក្រសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ដោយសុំចេញមុនម៉ោងការងារ ពេលនោះទាំងគណៈគ្រប់គ្រងរោងចក្រ និងប្រធានផ្នែកក៏បានយល់ព្រម និងអនុញ្ញាតឱ្យចេញមុនម៉ោង៣០នាទី ដើម្បីធ្វើដំណើរទៅសិក្សាបន្ត ហើយពួកគាត់ក៏បានលើកទឹកចិត្តដល់ យុវជន ពេជ្រ ស្រស់ ផងដែរ។ ក្រោយពីទទួលបានការយល់ព្រមឲ្យចេញមុនម៉ោងធ្វើការ គឺយុវជន ពេជ្រ ស្រស់ ក៏បានស្វែងរកសាកលវិទ្យាល័យ ដើម្បីបន្តការសិក្សថ្នាក់បរិញ្ញាបត្ររង ហើយនៅថ្ងៃមួយ យុវជន ពេជ្រ ស្រស់ ក៏រកបានសាកលវិទ្យាល័យ ដើម្បីសិក្សាបន្ត គឺនៅសាកលវិទ្យល័យ មេគង្គកម្ពុជា នៅដើមឆ្នាំ២០០៦ នាអំឡុងពេល នៃការសិក្សានៅក្នុងសាកលវិទ្យាល័យនោះ យុវជន ពេជ្រ ស្រស់ បានតស៊ូយ៉ាងខ្លាំង ព្រោះការសិក្សានៅសាកលវិទ្យាល័យត្រូវការឱ្យនិស្សិតធ្វើកិច្ចការមេរៀនសាលាជាច្រើនដើម្បីបំពេញក្រេឌីតពិន្ទុ ដោយខ្លាចប្រលងធ្លាក់ និងមិនអាចបញ្ចប់ការសិក្សា យុវជន ពេជ្រ ស្រស់ ក៏បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាតមួយ គឺឈប់ធ្វើការនៅរោងចក្រតែម្តង ហើយមករស់នៅវត្តស្ទឹងមានជ័យក្នុងគោលបំណងយកពេលវេលាសិក្សាឱ្យបានពេញលេញ ស្របពេលនោះ យុវជន ពេជ្រ ស្រស់ ក៏បានបាត់បង់ប្រាក់ចំណូល ក៏ប៉ុន្តែមិនមែនជាឧបស័គ្គ សម្រាប់យុវជន ពេជ្រ ស្រស់ ដើម្បីបន្តការសិក្សាឡើយ ដោយ ពេជ្រ ស្រស់ បានធ្វើជាអ្នករត់ម៉ូតូឌុបស្វែករកប្រាក់កម្រៃដើម្បីផ្គត់ផ្គង់ការសិក្សានៅសាកលវិទ្យាល័យ ហើយការរស់នៅគឺរស់ដោយបាយបាត និងស្នាក់អាស្រ័យនៅលើឥដ្ឋផ្ទាល់។
នៅពាក់កណ្តាលឆ្នាំ ២០០៦ យុវជន ពេជ្រ ស្រស់ បានចូលធ្វើការងារស្ម័គ្រចិត្តជាមន្ត្រីរដ្ឋបាលនៅអង្គការសុខភាព និងសិល្បៈ ដោយការងាររបស់ យុវជន ពេជ្រ ស្រស់ ឆាប់ចាប់បាន និងយល់ដឹង លោកប្រធានអង្គការបានតំឡើងតួនាទីទៅជាប្រធានរដ្ឋបាលនៅក្នុងអង្គការនោះ ក៏ប៉ុន្តែមិនទទួលបានប្រាក់ខែនោះឡើយ ដោយសារតែវាជាការងារសង្គម ដោយមិនយូប៉ុន្មាន គឺយុវជន ពេជ្រ ស្រស់ បានដាក់ពាក្យធ្វើជាមន្ត្រីរដ្ឋបាលនៅក្នុងរោងចក្រកាត់ដេរមួយ ស្ថិតនៅក្បែរស្ពានដែកចំការដូង ដោយទទួលបានប្រាក់ខែ១៨៥ដុល្លារក្នុងមួយខែ។ យុវជន ពេជ្រ ស្រស់ បានបំពេញការងារជារដ្ឋបាលរោងចក្រកាត់ដេររយៈពេល៦ខែ ក៏បែកគំនិតចូលប្រឡូកឆាកនយោបាយ ដើម្បីយល់ដឹងពីវិស័យច្បាប់ដោយខ្លួនកំពុងតែរៀនបរិញ្ញាបត្ររងផ្នែកច្បាប់ ដោយការប្រឡូកឆាកនយោបាយដំបូងរបស់យុវជន ពេជ្រ ស្រស់ គឺធ្វើជាមួយនឹងគណបក្សសិទ្ធិមនុស្សនាដើមឆ្នាំ២០០៧ ដែលប្រធានគណបក្ស គឺលោក កឹម សុខា ហើយ ពេជ្រ ស្រស់ ទទួលបានតំណែងជាប្រធានចលនាយុវជនគណបក្សសិទ្ធិមនុស្សប្រចាំនៅរាជធានីភ្នំពេញបានប្រហែល៥ខែ ក្រោយមកក៏បានទទួលតំណែងបន្ថែមមួយទៀតជាជំនួយការរៀបយុទ្ធសាស្រ្តនយោបាយជូនប្រធានក្រុមការងារប្រចាំខេត្តឧត្តមមានជ័យរបស់គណបក្សសិទ្ធិមនុស្ស ប៉ុន្តែជាអកុសលដោយមានការច្រណែនឈ្នានីសពីប្រធានយុវជនថ្នាក់ជាតិ ក៏បានធ្វើលិខិតបដិសេដ យុវជន ពេជ្រ ស្រស់ ជាប្រធានចលនាយុវជនរាជធានីភ្នំពេញដោយចោទថា យុវជន ពេជ្រ ស្រស់ មិនសូវចូលធ្វើការងារ នៅការិយាល័យ ស្របពេល យុវជន ពេជ្រ ស្រស់ គឺកំពុងតែបំពេញភារកិច្ចនៅឯខេត្តឧត្តមានជ័យក្នុងកិច្ចការគណបក្សសិទ្ធិមនុស្សតែមួយ ដោយមិនបង្អង់យូ យុវជន ពេជ្រ ស្រស់ ក៏បានប្តឹងជំទាស់ចំពោះលិខិតបដិសេដមកលើខ្លួនទាំងអយុត្តិធម៌ ក៏បានប្តឹងទៅលោក កែវ រ៉េមី ដែលខណៈនោះ លោក កែវ រ៉េមី ជាប្រធានគណៈកម្មការវិន័យនៅក្នុងគណបក្សសិទ្ធិមនុស្ស មិនត្រឹមតែប្តឹងទៅលោក កែវ រ៉េមី ទេ យុវជន ពេជ្រ ស្រស់ បានស្នើធ្វើបទអន្តរាគមន៍ទៅលោក គឹម សុខា ដែលជាប្រធានគណបក្សសិទ្ធិមនុស្ស និងលោក ប៉ែន សុវណ្ណ អនុប្រធានគណបក្សថែមទៀតផង ហើយរឿងត្រូវបានបញ្ចប់ដោយមានការសូមទោសគ្នាទៅវិញទៅមក ពីព្រោះថាវាគឺជាករណីយល់ច្រឡំ ក៏ប៉ុន្តែបើទោះបីជាមានការបញ្ចប់រឿងហើយក្តី យុវជន ពេជ្រ ស្រស់ ក៏បានសម្រេចចិត្តលាឈប់ពីប្រធានចលនាយុវជនរាជធានីភ្នំពេញ ដោយរក្សានៅមុខតំណែងតែមួយគត់គឺ ជំនួយការរៀបចំយុទ្ធសាស្រ្តនយោបាយជូនប្រធានក្រុមការងារប្រចាំខេត្តឧត្តមមានជ័យ នៃគណបក្សសិទ្ធិមនុស្ស ក្រោយមកនៅមុនថ្ងៃឃោសនាបោះឆ្នោតធំ យុវជន ពេជ្រ ស្រស់ ក៏បានចាកចេញពីមុខតំណែង និងឈប់បម្រើការងារគណបក្សសិទ្ធិមនុស្សតទៅទៀតក្រោមហេតុផលនយោបាយមិនស្មោះត្រង់ជាមួយប្រជាពលរដ្ឋនិងជាតិ។ ក្រោយពីបានបញ្ចប់ជីវិតនយោបាយទាំងក្មេងខ្ចី យុវជន ពេជ្រ ស្រស់ ក៏បានមកធ្វើការជាបុគ្គលិកក្រុមហ៊ុនជាបុគ្គលិកទីផ្សារ ដែលមានថៅកែជាជនជាតិ ហ្វីលីពីន វិញ ខណៈនោះ យុវជន ពេជ្រ ស្រស់ ក៏បានវិលត្រលប់ទៅសិក្សាបន្តមុខវិជ្ជច្បាប់នៅសាកលវិទ្យាល័យមេគង្គកម្ពុជាបន្តទៀត ដោយរៀនបណ្តើរធ្វើការបណ្តើរ ក៏មានសម្ពាធហត់នឿយជាមួយភាពមមាញឹក ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏យុវជន ពេជ្រ ស្រស់ នៅតែពុះពាសម្រេចបាននូវការបញ្ចប់ការសិក្សថ្នាក់បរិញ្ញាបត្ររងដែរ។ ទទឹមនឹងនោះ យុវជន ពេជ្រ ស្រស់ ត្រូវបានថៅកែក្រុមហ៊ុនពេញចិត្ត ហើយបានតំឡើងតួនាទីទៅជាប្រធានផ្នែកទីផ្សារ ប៉ុន្តែជាអកុសល ក្រុមហ៊ុនត្រូវបានរដ្ឋាភិបាលប្រកាសផ្អាកអាជីវកម្ម ដែលខណៈនោះ គឺរដ្ឋាភិបាលមានគោលនយោបាយលុបបំបាត់ឆ្នោតកន្ទុយលេខ និងល្បែង ខេមប៉ូស៊ីក ហើយស្របពេលនោះ យុវជន ពេជ្រ ស្រស់ ក៏បានបាត់បង់ការងារម្តងទៀតនៅឆ្នាំ២០០៩ មិនបានប៉ុន្មានខែផង យុវជន ពេជ្រ ស្រស់ បានដាក់ពាក្យធ្វើការនៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយមានឈ្មោះថា Vero Media Design ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងទីផ្សារ ដោយនិស្ស័យយុវជន ពេជ្រ ស្រស់ មិនបានឃ្លាតឆ្ងាយពីកិច្ចការសង្គម ពេជ្រ ស្រស់ ក៏បានស្នើសុំប្រធានក្រុមហ៊ុន សុំបើកអង្គការមួយដែលមានឈ្មោះថា «អង្គការរួមគ្នាដើម្បីភាពរីកចម្រើន»ខណៈនោះ ប្រធានក្រុមហ៊ុនមិនបានជំទាស់ឡើយ ថែមទាំងជួយឧបត្ថម្ភថែមទៀតផង ដោយសន្យាគ្នារវាង យុវជន ពេជ្រ ស្រស់ និងប្រធានក្រុមហ៊ុន តម្រូវឲ្យបែងចែកម៉ោងបំរើការងារកំណត់ពេល ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ គឺត្រូវធ្វើការងារជូនក្រុមហ៊ុន ហើយថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ យុវជន ពេជ្រ ស្រស់ ធ្វើការងារអង្គការរបស់ខ្លួន។ យុវជន ពេជ្រ ស្រស់ បានតស៊ូធ្វើការងារទាំងពីរនេះយ៉ាងពេញចិត្តបំផុត ដោយមិនគិតអំពីការនឿយហត់នោះឡើយ ដោយសារតែស្រលាញ់កិច្ចការសង្គម និងចង់ជួយយុវជនក្រីក្រ ជាពិសេសអប់រំវិស័យច្បាប់ដល់ពលរដ្ឋតាមមូលដ្ឋាន។ នៅថ្ងៃមួយ យុវជន ពេជ្រ ស្រស់ ក៏បានទៅទស្សនៈកិច្ចនៅមជ្ឈមណ្ឌលថែរទាំ និងសង្គ្រោះកុមារកំព្រា នៅខេត្តកំពង់ស្ពឺ ដោយមើលឃើញជីវភាពរបស់កុមារទាំងនោះ មានសភាពខ្វះមុខខ្វះក្រោយ យុវជន ពេជ្រ ស្រស់ ក៏បានសម្រេចចិត្តបង្កើតនូវកម្មវិធី «រាត្រីស្រមោលសសប្បុរសធម៌» នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ ជាអកុសលនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១០ ដែលជាថ្ងៃប្រារព្ធពិធី«រាត្រីស្រមោលសសប្បុរសធម៌»ដើម្បីរ៉ៃអង្គាសថវិកាទ្រទ្រង់ជីវភាពរបស់កុមារកំព្រានៅខេត្តកំពង់ស្ពឺ ប៉ុន្តែនៅថ្ងៃនោះគឺជាថ្ងៃមានភ្លៀងខ្លាំងជនលិចទីក្រុងសៀមរាបជាខ្លាំង ដែលជាហេតុធ្វើឱ្យភ្ញៀវខកខានចូលរួមពិធី ហើយប្រាក់ឧបត្ថម្ភ គឺទទួលបានតិចតួចបំផុត ដែលធ្វើឱ្យយុវជន ពេជ្រ ស្រស់ ប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដើម្បីផ្គត់ផ្គង់កម្មវិធីអស់រហូតដល់ជាងពីរម៉ឺនដុល្លារ ដោយសារតែកម្មវិធីនោះធ្វើឱ្យយុវជន ពេជ្រ ស្រស់ ធ្លាក់ខ្លួនខាតអស់ថវិកា និងលក់រថយន្តផ្ទាល់ខ្លួនមួយគ្រឿង ដើម្បីចេញថ្លៃកម្មវិធី«រាត្រីស្រមោលសសប្បុរសធម៌» ហើយយុវជន ពេជ្រ ស្រស់ ក៏បានទៅរស់នៅវត្តនាគវ័ន្ត កុដិលេខ០៨ ម្តងទៀត គ្រានោះយុវជន ពេជ្រ ស្រស់ គ្មាននូវថវិកាសូម្បីតែមួយរយរៀល ដោយសារតែធ្វើកម្មវិធី «រាត្រីស្រមោលសសប្បុរសធម៌» ខាតទាំងស្រុង ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏យុវជន ពេជ្រ ស្រស់ មិនបាក់ទឹកចិត្ត និងមិនតក់ស្លុតចំពោះការខាតបង់នូវថវិការផ្ទាល់ខ្លួននោះឡើយ ពីព្រោះការងារសង្គមនេះជាបេះដូងរបស់យុវជន ពេជ្រ ស្រស់ ។
យុវជន ពេជ្រ ស្រស់ បានរស់នៅវត្តនាគវ័ន្តបណ្តើរ ធ្វើការងារជាទីប្រឹក្សាក្រុមហ៊ុនផ្នែកទីផ្សារក្រៅម៉ោងបណ្តើរ អស់រយៈពេលបីឆ្នាំបន្ទាប់មក គឺយុវជន ពេជ្រ ស្រស់ គាត់ទទួលបានការងារជាមន្ត្រីជាន់ខ្ពស់ទីផ្សារនៅក្រុមហ៊ុន IMS Consultant Group Co,. Ltd. ចាប់ពីឆ្នាំ២០១៤ ដល់ពាក់កណ្តាលឆ្នាំ២០១៥ ដោយមាននូវនិស្ស័យជាអ្នកចង់ធ្វើនយោបាយ និងស្រលាញ់កិច្ចការសង្គមជាតិផងនោះ យុវជន ពេជ្រ ស្រស់ ក៏បានស្នើសុំថៅកែសម្រាកពីការងារ ដើម្បីដើរចូលប្រឡូកកិច្ចការងារនយោបាយឡើងវិញ ហើយគណបក្សនយោបាយដំបូងដែលយុវជន ពេជ្រ ស្រស់ ចង់ធ្វើជាមួយនោះ គឺគណបក្សហ្វុនស៊ីនប៉ិច ដោយមិនបង្អង់យូឡើយ យុវជន ពេជ្រ ស្រស់ ក៏បានផ្ញើសារតាមហ្វេសប៊ុក Messenger ទៅកាន់ឯកឧត្តម ធៀង វណ្ណដារ៉ុង ជាមន្រ្តីជាន់ខ្ពស់របស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដើម្បីស្នើសុំចូលរួមធ្វើនយោបាយជាមួយ ហើយឯកឧត្តមក៏បានឆ្លើយឆ្លងគ្នាជាមួយនឹងយុវជន ពេជ្រ ស្រស់ ដោយសន្យាថានឹងជួបជជែកគ្នាផ្ទាល់ ក៏ប៉ុន្តែការសន្យានោះគឺជាសន្យាខ្យល់ដោយមិនបានកំណាត់ថ្ងៃជួបជាក់លាក់នោះឡើយ ហើយធ្វើឲ្យ ពេជ្រ ស្រស់ រង់ចាំថ្ងៃជួបពីមួយថ្ងៃទៅមួយថ្ងៃយ៉ាង អន្ទៈសារក្នុងចិត្ត ដោយសារតែចង់ប្រឡូកនយោបាយឡើងវិញរបស់យុវជន ពេជ្រ ស្រស់ យុវជនរូបនេះក៏មិនបង្អង់យូ ក៏ឆាតទៅឯកឧត្តម ហ៊ីង សុខសាន្ត ប្រធានចលនាយុវជនថ្នាក់ជាតិរបស់គណបក្សសង្គ្រោះជាតិ ស្របពេលនោះឯកឧត្តម ហ៊ីង សុខសាន្ត ក៏បានឆ្លើយឆ្លងគ្នាជាមួយយុវជន ពេជ្រ ស្រស់ ដើម្បីណាត់ជួបជជែកគ្នាផ្ទាល់ជុំវិញការចូលបំរើគណបក្សសង្គ្រោះជាតិនៅក្នុងក្របខណ្ឌយុវជន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺយុវជន ពេជ្រ ស្រស់ បានបំភ្លេចនូវរឿងរ៉ាវគំនុំចាស់ដែលខ្លួនធ្លាប់ទទួលរងនូវអំពើអយុត្តិធម៌នៅក្នុងគណបក្សសិទ្ធិមនុស្ស ដែលគ្រានោះ ឯកឧត្តម ហ៊ីង សុខសាន្ត ក៏ជាអ្នករួមចំណែកបង្កើតនូវអំពើអយុត្តិធម៌លើ យុវជន ពេជ្រ ស្រស់ ផងដែរ ដោយហេតុ ឯកឧត្តម ហ៊ីង សុខសាន្ត ជាប្រធានយុវជនថ្នាក់ជាតិនៃគណបក្សសិទ្ធិមនុស្ស ប៉ុន្តែបើទោះបីជាយុវជន ពេជ្រ ស្រស់ បានបំភ្លេចនូវគំនុំចាស់យ៉ាងណាក៏ដោយ ក្នុងគោលបំណងចូលប្រឡូកនយោបាយ ដើម្បីការងារប្រយោជន៍ជាតិ ស្របតាមឆន្ទៈរបស់ខ្លួន ក៏នៅតែមិនបានសម្រេចតាមក្តីប្រាថ្នាដដែល ដោយសារតែការណាត់ជួបរវាង ឯកឧត្តម ហ៊ីង សុខសាន្ត និងយុវជន ពេជ្រ ស្រស់ គឺជាការណាត់ជួបខ្យល់ដដែលដូចនឹងការណាត់ជាមួយមន្រ្តីជាន់ខ្ពស់គណបក្សហ្វុនស៊ីនប៉ិចដែរ ស្របពេលនោះ លោក ម៉ម សូណង់ដូ បានប្រកាសបើកនូវគណបក្សថ្មីមួយរបស់ខ្លួន ដែលធ្វើឲ្យយុវជន ពេជ្រ ស្រស់ មិនបង្អង់យូក៏បានធ្វើការទាក់ទងភ្លាមទៅលោក ម៉ម សូណង់ដូ ដើម្បីបង្កើតគណបក្សនយោបាយរួមគ្នាជាមួយលោក ម៉ម សូណង់ដូ ឲ្យស្របទៅនឹងច្បាប់ស្តីអំពីគណបក្សនយោបាយ ហើយយុវជន ពេជ្រ ស្រស់ ក៏បានសម្រេចចិត្តបញ្ចប់តួនាទីជាប្រធានអង្គការរួមគ្នាដើម្បីរីកចម្រើន ក្នុងគោលបំណងទៅធ្វើនយោបាយជាមួយលោក ម៉ម សូណង់ដូ ក្រោយពីចូលរួមជាមួយលោក ម៉ម សូណង់ដូ យុវជន ពេជ្រ ស្រស់ ត្រូវបានតែងតាំងជាសមាជិកស្ថាបនិក និងជាសមាជិកគណកម្មការអចិន្ត្រៃបណ្តោះអាសន្ន ដើម្បីរៀបចំបែបបទបើកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមានថ្នាក់ដឹកនាំកំពូល៩រូប ក្នុងនោះក៏មាន យុវជន ពេជ្រ ស្រស់ មួយរូបផងដែរ។ បើទោះបីជាយុវជន ពេជ្រ ស្រស់ រកបានទ្រនំនយោបាយតាមឆន្ទៈខ្លួនក៏ដោយ ប៉ុន្តែជាអកុសលបម្រើការងារជូនលោក ម៉ម សូណង់ដូ បានតែបីខែ ធ្វើឲ្យយុវជន ពេជ្រ ស្រស់ ដាក់ពាក្យលាលែងវិញក្រោមហេតុផលការដឹកនាំមិនច្បាស់លាស់ និងមានការមាក់ងាយសមត្ថភាពរបស់យុវជន ពេជ្រ ស្រស់ ពីសំណាក់ក្រុមបណ្ឌិតអត់កាត។ ដោយមានបទពិសោធន៍ពីរលើកក្នុងឆាកនយោបាយ យុវជន ពេជ្រ ស្រស់ ក៏សម្រេចចិត្តបោះបង់នយោបាយតទៅ ហើយក៏ទៅធ្វើមុខជំនួញដោយខ្លួនឯងវិញម្តង ក៏ប៉ុន្តែវាជារឿងមួយមិននឹកស្មានដល់ស្រាប់តែមានអ្នកនយោបាយជើងចាស់ម្នាក់នៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលស្និទជាមួយនឹងសម្តេចក្រុមព្រះ នរោត្តមរណប្ញទ្ធិ គឺបានបបួល យុវជន ពេជ្រ ស្រស់ ឱ្យចូលឆាកនយោបាយឡើងវិញដោយបម្រើការងារជាមួយនឹងគណបក្សហ៊្វុនស៊ីនប៉ិច ក្រោយពីទទួលបានលិខិតស្វាគមន៍របស់ សម្តេចក្រុមព្រះ នរោត្តមរណប្ញទ្ធិ មានថ្ងៃមួយយុវជន ពេជ្រ ស្រស់ បានអមដំណើរ សម្តេចក្រុមព្រះ នរោត្តមរណប្ញទ្ធិ រួមជាមួយនិងអ្នកម្នាង អ៊ុក ផល្លា ទៅបើកបវេស្សកាល នៅវិទ្យាល័យនរោត្តមរ៉ាប្ញទ្ធិ ខេត្តកំពត មុនទៅដល់កម្មវិធីមួយយប់ យុវជន ពេជ្រ ស្រស់ បានអមដំណើរ សម្តេចក្រុមព្រះ នរោត្តមរណប្ញទ្ធិ មើលបរិវេណខេត្តកំពត ស្របពេលនោះ យុវជន ពេជ្រ ស្រស់ ស្តាប់ឮមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ីនប៉ិច បាននិយាយគ្នារើសអើងមកលើយុវជន ពេជ្រ ស្រស់ ដែលធ្វើឲ្យ យុវជន ពេជ្រ ស្រស់ នឹកគិតថាគ្មាននូវភាពកក់ក្តៅក៏ឈប់ទៅបម្រើនយោបាយជាមួយគណបក្សហ៊្វុនស៊ីប៉ិចតទៅទៀត។
រំលងបានប្រាំថ្ងៃ ក្រោយពីឈប់ទៅបម្រើនយោបាយជាមួយគណបក្សហ៊្វុនស៊ីប៉ិច គឺយុវជន ពេជ្រ ស្រស់ ក៏បានសម្រេចចិត្តបង្កើតគណបក្សខ្លួនឯងតែម្តងដោយដាក់ឈ្មោះគណបក្សនោះថា៖ «គណបក្សយុវជនកម្ពុជា» ដោយបទពិសោធន៍របស់យុវជន ពេជ្រ ស្រស់ ជាមួយអង្គការផ្ទាល់ខ្លួនអស់រយៈពេល៥ឆ្នាំផងនោះ យុវជន ពេជ្រ ស្រស់ ក៏មានការទំនាក់ទំនងល្អជាមួយពលរដ្ឋជាច្រើន និងគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ដែលជាហេតុធ្វើឱ្យការបង្កើតគណបក្សយុវជនកម្ពុជាបានយ៉ាងឆាប់រហ័ស ប៉ុន្តែការបើកគណបក្សនយោបាយគឺទាមទាការលះបង់ទាំងថវិកា និងពេលវេលាផ្ទាល់ខ្លួន ព្រមទាំងការប្រឈមបញ្ហាជាច្រើនដែលមាន និងអាចកើតមាននូវការរើសអើង និងគ្រោះថ្នាក់ដោយយថាហេតុដែរ ប៉ុន្តែទោះបីជួបឧបស័គ្គទាំងនេះក្តី ក៏យុវជន ពេជ្រ ស្រស់ មិនបានបោះបង់នូវក្តីស្រម៉ៃរបស់ខ្លួនឡើយ ថែមទាំងបានលក់ផ្ទះ ដើម្បីយកថវិកាដំណើរការគណបក្សយុវជនកម្ពុជាថែមទៀតផង ហើយកិច្ចការបន្ទាប់មិនត្រឹមតែបានលក់ផ្ទះទេ ថែមទាំងបានលក់ឡានមានតម្លៃជាងប្រាំម៉ឺនដុល្លារដើម្បីយកមករៀបចំការឃោសនាបោះឆ្នោតឃុំសង្កាត់រហូតមកទៀតក៏បានលក់ចិញ្ចៀនពេជ្រតម្លៃប្រមាណមួយម៉ឺនប្រាំពាន់ដុល្លារជាង ដើម្បីរៀបចំការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ បញ្ជាក់៖យុវជន ពេជ្រ ស្រស់ គឺជាពាណិជ្ជករមួយរូបនាពេលបច្ចុប្បន្ននេះលើវិស័យអចលនទ្រព្យ និងដីធ្លី ទោះបីមានការចំណាយខ្ពស់យ៉ាងណាក៏ដោយក៏យុវជន ពេជ្រ ស្រស់ នៅតែបន្តនូវសកម្មភាពនយោបាយរបស់ខ្លួនទៅមុខជានិច្ច ដោយមិនខ្វាយខ្វល់ការខាតបង់ថវិកាផ្ទាល់ខ្លួននោះឡើយ ហើយម្យ៉ាងវិញទៀត មតិជេរដៀលប្រមាថ ពីសំណាក់មនុស្សមួយចំនួនមកលើ យុវជន ពេជ្រ ស្រស់ ក៏យុវជនរូបនេះមិនបាក់ទឹកចិត្តនោះទេ គឺដោយសារតែគោលដៅរបស់យុវជន ពេជ្រ ស្រស់ ការជួយសង្គ្រោះយុវជនក្រីក្រនិងប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះ ព្រមទាំងប្រជាពលរដ្ឋរងការជិះជាន់ពីអ្នកមានអំណាច ជាពិសេសការការពារនូវបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាពីបរទេសឈ្លានពាន ហើយនាក្នុងពេលបច្ចុប្បន្ននេះផងដែរ យុវជន ពេជ្រ ស្រស់ បានក្លាយជាអ្នកនយោបាយវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះបោះសម្លេងល្បី ល្បាញគួរឱ្យកត់សម្គាល់ ហើយក៏ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើសកម្មភាពលេចធ្លោជាងគេក្នុងការទៅជួយប្រជាពលរដ្ឋ ព្រមទាំងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ។