មេបក្សយុវជនកម្ពុជា៖ អំពើពុករលួយគឺជាថ្នាំប៉ូវជួយពង្រីកអំពើអយុត្តិធម៌នៅក្នុងសង្គម

មេដឹកនាំគណបក្សយុវជនកម្ពុជាទើបជាប់ឆ្នោត CYP ថ្លែងថា អំពើពុករលួយ គឺជាថ្នាំប៉ូវ ឬជាជី សម្រាប់ជួយឲ្យមានភាពអយុត្តិធម៌លូតលាស់បានលឿនដែលធ្វើឲ្យពន្លឺយុត្តិធម៌ក្នុងសង្គមងងឹតសូន្យឈឹង បីដូច ព្រះច័ន្ទនិងព្រះអាទិត្យកំពុងពនេចរត្រូវបាំងរស្មីឡើងអាប់ដូច្នោះដែរ។

ការថ្លែងនេះធ្វើឡើងក្រោយប្រធានគណបក្សយុវជនកម្ពុជា Cambodian Youth Party ជាប់ឆ្នោតពីអង្គសមាជដើម្បីដឹកនាំគណបក្សសម្រាប់អាណត្តិថ្មីបន្តទៀត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ថ្លែងលើទំព័រហ្វេសប៊ុករបស់ប្រធានគណបក្សយុវជនកម្ពុជា ឯកឧត្តម ពេជស្រស់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានឲ្យដឹងថា នៅក្នុងសង្គមជាតិមួយបើអ្នកដឹកនាំមិនអាចកម្ចាត់អំពើពុករលួយបានទេ គឺជាកំហុសយ៉ាងធ្ងន់ធ្ងររបស់មេដឹកនាំគ្រប់ជាន់ថ្នាក់ទាំងនោះ ដូច្នេះសង្គមនោះនឹងក្លាយទៅសង្គមដែលកំពុងប្រកាន់របបមួយផ្សេងទៀតគឺរបបពុករលួយ។

ប្រធានគណបក្សយុវជនកម្ពុជារូបនេះ អះអាងថា ការបណ្តែតបណ្តោយឲ្យកើតមានអំពើពុករលួយរបស់មេដឹកនាំប្រទេសគឺបណ្តាលមកពីកំហុសធំៗមួយចំនួនរបស់អ្នកគ្រប់គ្រងទាំងនោះដូចជា មេដឹកនាំអសមត្ថភាពមិនអាចគ្រប់គ្រងមន្រ្តីក្រោមឱវាទពីថ្នាក់ក្រោមដល់ថ្នាក់កំពូល និងមិនមានគោលការណ៍អនុវត្តច្បាប់ឲ្យបានម៉ឺងមាត់បាននោះទេ។

ជាងនេះទៀត ឯកឧត្តម រិះគន់ថា ការដឹកនាំបែបនេះ ប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋនោះ នឹងក្លាយទៅជាប្រព័ន្ធគ្រប់គ្រងដែលពោពេញដោយការនិយមបក្ខពួក ដែលជាប្រទេសមួយចិញ្ចឹមសុទ្ធតែមន្រ្តីលោភលន់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងការដឹកនាំរបស់ពួកគេ ប្រៀបបានជង្រុកស្រូវដ៏ធំមួយដែលចិញ្ចឹមសុទ្ធតែសត្វខ្មួតដូច្នោះដែរ ទីបំផុតស្រូវក្នុងជង្រុកនោះនឹងអស់រួចហើយនៅសល់តែខ្មូតប៉ុណ្ណោះ។

ឯកឧត្ត ពេជស្រស់ បញ្ជាក់ថា មេដឹកនាំក្នុងសង្គមពុករលួយគឺមេដឹកនាំគ្រប់ជាន់ថ្នាក់តែងតែចូលរួម និងបើកដៃឲ្យមានអំពើពុករលួយ ពេញទំហឹង ដោយសារពួកគេចាត់ទុកផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងផលប្រយោជន៍ជាតិ និងប្រជាជន ដូច្នេះពួកគេនឹងមិនខ្វល់ពីយុត្តិធម៌សង្គមនោះឡើយ ជាពិសេស មេដឹកនាំប្រភេទនេះគឺធ្វើអាជីវកម្មលើសេចក្តីទុក្ខសោករបស់ពលរដ្ឋខ្លួនឯងដោយមិនគិតពីសុខមាលភាពសង្គមមនុស្សនោះឡើយ។

ប្រធានបក្សវ័យក្មេងរូបនេះ ទិចតៀនធ្ងន់ៗថា មន្ត្រីពុករលួយតែងតែដណ្តើមគ្នាបឺតជញ្ជក់ឈាមរាស្ត្រ ដោយមិនខ្វល់ថាឈាមរាស្រ្តអ្នកមាន ឬក៏ឈាមរាស្រ្តអ្នកក្រនោះទេ ប៉ុន្តែ សង្គមបែបនេះនឹងរលាយទៅវិញយ៉ាងឆាប់រហ័សក្រោមការដឹកនាំពីក្រុមមនុស្សជំនាន់ថ្មីដែលផ្តល់តម្លៃដល់មនុស្សគ្រប់គ្នាជាគ្រួសារតែមួយ ផ្តល់ក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក និងស្គាល់ពីភាពឈឺចាប់របស់ពលរដ្ឋខ្លួនឯងយ៉ាងពិតប្រាកដនោះ។

ឯកឧត្តម ពេជ្រស្រស់ បានធានាជូនពលរដ្ឋខ្មែរថា សង្គមដែលដឹកនាំដោយគណបក្សយុវជនកម្ពុជា នឹងមិនមានអំពើពុករលួយជាដាច់ខាត ជាងនេះទៀត គណបក្ស នឹងដឹកនាំប្រទេសប្រកាន់យកគោលការណ៍អនុវត្តច្បាប់ស្មើភាពជាគោលធំកំពូល ហើយដាក់ពិន័យឲ្យតឹងរឹងបំផុតលើជនទាំងឡាយណាប្រព្រឹត្តិអំពើពុករលួយនៅក្នុងសង្គម។

ប្រធានគណបក្សយុវជនកម្ពុជា សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ គណបក្សយុវជនកម្ពុជា ស្គាល់ការឈឺចាប់របស់ប្រជាពលរដ្ឋ និង ដឹងច្បាស់អំពីវិនាសសកម្មនៃសង្គមដែលកើតចេញពីអំពើពុករលួយ។
ការលើកឡើងបែបនេះស្របពេល សម្តេចអគ្គមហាសេនាបតីហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យដកស័ក្តិ និងបណ្តេញ អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានប្រព្រឹត្តល្មើសច្បាប់ដោយដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ សម្តេចបានបញ្ជាឲ្យអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះទៀត។

កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញ អធិការស្រុកកំរៀង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក គឹម ពន្លក ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិបន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានប្រព្រឹត្តល្មើសច្បាប់ពិតប្រាកដមែន។

ទាក់ទិននឹងបញ្ហានេះ លោកវរសេនីយ៍ឯក គឹម ពន្លក បានទទួលស្គាល់ថា ខ្លួនពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីកម្លាំងវរៈការពារព្រំដែន-៨១៩ ករណីទីមួយគឺមុខសញ្ញាផ្តល់ជំរកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃ និងករណីទីពីរគឺមុខសញ្ញាពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក ប្រាកដមែន៕

 

អត្ថបទដែលជាប់ទាក់ទង