គណបក្សយុវជនកម្ពុជា ត្រៀមខ្លួនធ្វើសមាជជ្រើសរើសប្រធានថ្មី និងប្រារព្ធខួប ៥ឆ្នាំ នៃការចាប់កំណើតរបស់ខ្លួន

គណបក្សយុវជនកម្ពុជា ដែលហៅកាត់ថា CYP កំពុងត្រៀមខ្លួនធ្វើសមាជដើម្បីជ្រើសរើសមាសភាពថ្នាក់ដឹកនាំថ្មីដែលជាក្បាលម៉ាស៊ីនគណបក្ស ក៏ដូចជាការបង្ហាញនូវការអនុវ ត្តតាមប្រព័ន្ធប្រជាធិបតេយ្យផ្ទៃក្នុងបក្សរបស់ខ្លួនផងដែរ។
ការអះអាងនេះធ្វើឡើងស្របទៅនឹងគណបក្សយុវជនកម្ពុជាបានដំណើរការរយៈពេល៥ឆ្នាំមកហើយ ដែលនឹងត្រូវដល់អាណត្តិជ្រើសរើសមេដឹកនាំថ្មីដើម្បីដឹកនាំបន្តរយៈពេល៥ឆ្នាំ ទៅមុខទៀត។
គណបក្សយុវជនកម្ពុជា Cambodian Youth Party របស់ ឯកឧត្តម ពេជ្រ ស្រស់ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា គណបក្សយុវជនកម្ពុជាគ្រោងនឹងប្រារព្ធពិធីខួប ៥ឆ្នាំ នៃការបង្កើតគណបក្ស ព្រមទាំងធ្វើសមាជបក្សរបស់ខ្លួន នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ ដើម្បីជ្រើសរើសប្រធានបក្សថ្មីតាមរយៈនៃការបោះឆ្នោត ដែលស្របតាមឆន្ទៈសមាជិក និងអ្នកគាំទ្រ របស់ខ្លួន។
សេចក្តីថ្លែងការណ៍ខាងលើ អះអាងថា ពិធីសមាជ និងការប្រារព្ធខួប៥ឆ្នាំរបស់គណបក្សយុវជនកម្ពុជានេះ នឹងប្រព្រឹត្តទៅនៅ សាលប្រជុំជាន់ទី២ ក្នុងផ្សារ ខេ ស៊ី ដែលស្ថិតក្នុងភូមិ ចំការឪឡឹក សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានថ្នាក់ដឹកនាំតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ចូលរួម ប្រមាណជា ១០០០ នាក់
ជុំវិញបញ្ហានេះ ឯកឧត្តម ពេជ្រ ស្រស់ បានថ្លែងឲ្យ សារព័ត៌មាន Fast News ដឹងនៅថ្ងៃនេះថា ការប្រារព្ធពិធីសមាជបក្សនេះ ក្នុងគោល បំណងដើម្បីកែសម្រួលរចនាសម្ពន្ធ័គណបក្ស និងពិនិត្យឡើងវិញនូវគោលនយោបាយអាទិភាពខ្លះៗ និងកែសម្រួលលក្ខន្តិកៈ ព្រមទាំង បទបញ្ជាផ្ទៃក្នុង របស់គណបក្សមួយចំនួនផងដែរ ជាពិសេស លក្ខន្តិកៈសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានបក្សសម្រាប់អាណត្តិថ្មីដែលត្រូវដឹកនាំគណបក្សបន្តទៀត។
ឯកឧត្តម ពេជ្រ ស្រស់ មានប្រសាសន៍ថា សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មីដើម្បីដឹកនាំគណបក្សនេះ គឺធ្វើឡើងស្របតាមរបបលទ្ធិប្រជាធិបតេយ្យ ដោយការបោះឆ្នោត ក្នុងនោះបេក្ខជនចូលរួមឈរឈ្មោះជាប្រធានក្នុងការជ្រើសរើសសម្រាប់អាណត្តិថ្មី រួមមាន ១. ឯកឧត្តម ពេជ្រ ស្រស់ ២. ឯកឧត្តម នូ សម្បត្តិ ៣. លោក អ៊ុច សុខុម។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបានចេញលិខិតអនុញាតិឲ្យគណបក្សយុជវជនកម្ពុជា (គ.យ.ក) ដែលមានលោក ពេជ្រ ស្រស់ ជាប្រធាន ដើម្បីឲ្យដំណើរជាផ្លូវការ និងអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនដោយស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដូចដែលមានចែង។
គណបក្សយុវជនកម្ពុជាបានចូលរួមបោះឆ្នោត២លើករួចមកហើយ លើកទី១គឺចូលរួមឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមីនា ឆ្នាំ២០១៧ និងលើកទី២ ចូលរួមបោះឆ្នោតជាតិ នៅខែកញ្ញា ឆ្នាំ២០១៨។ ក្រោយការបោះឆ្នោតទាំងពីរលើកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ដែលមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី ដើម្បីជួយដោះស្រាយបញ្ហានានាជូនជាតិ។
រយៈពេល ៥ឆ្នាំនៃសកម្មភាពរបស់ខ្លួនក្នុងនាម១ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គណបក្សយុវជនកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តម ពេជ្រ ស្រស់ បានជួយប្រជាពលរដ្ឋរងគ្រោះពីការរំលោភដីធ្លីពីសំណាក់ជនខិលខូចមួយចំនួនដែលបង្ករការស្មុគ្រស្មាញដល់រាជរដ្ឋភិបាលយ៉ាងខ្លាំង និងតែងធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយកន្លងមក។
ឯកឧត្តមពេជ្រ ស្រស់ អះអាងថា លោកមានតួនាទីជាអ្នកសិក្សាស្វែងរកការពិតក្នុងសង្គម ហើយនាំយកបញ្ហារបស់ពលរដ្ឋរងគ្រោះដាក់ជូននាយករដ្ឋមន្រ្តីពិនិត្យ និងរកដំណោះស្រាយ ប្រសិនបើពលរដ្ឋពិតជារងអំពើអយុត្តិធម៌ពិតមែននោះ៕

អត្ថបទដែលជាប់ទាក់ទង