ឯកឧត្តម ពេជ្រ ស្រស់ ៖ សមាជបក្សយុវជនកម្ពុជាធ្វើឡើងតាមបែបប្រជាធិបតេយ្យផ្ទែក្នុងបក្ស

មន្ត្រីជាន់ខ្ពស់គណបក្សយុវជនកម្ពុជា Cambodian Youth Party បានថ្លែងថា សមាជគណបក្សរបស់លោក ធ្វើឡើងតាមបែបប្រជាធិបតេយ្យផ្ទៃក្នុងបក្ស និងស្របតាមច្បាប់ស្តីពីគណបក្សនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជាជាធរមាន។
ថ្លែងក្នុងគណនីហ្វេសប៊ុករបស់នៅថ្ងៃទី១៤ កុម្ភៈ នេះ ប្រធានគណបក្សយុវជនកម្ពុជា ដែលទើបនឹងជាប់ឆ្នោតពីអង្គសមាជ ឯកឧត្តម ពេជ្រ ស្រស់ បានឲ្យដឹងថា ខ្លឹមសារសមាជគណបក្សយុវជនកម្ពុជាគម្រប់១អាណត្តិ នៃការបង្កើតគណបក្ស នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការកែទម្រង់ជាច្រើនដើម្បីរកគន្លឹះជួយអភិវឌ្ឍន៍ប្រទេសជាតិ និងអាចជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរបានល្អប្រសើរបន្ថែមទៀត។


ឯកឧត្តម ពេជ ស្រស់ លើកឡើងថា បាវចនាបក្សរបស់គណបក្សយុវជនកម្ពុជា បានធ្វើការផ្លាស់ប្តូរទាំងស្រុងពី យុវជនដើម្បីការអភិវឌ្ឍន៍ ឲ្យទៅជា “សេរីភាព យុត្តិធម៌ អភិវឌ្ឍន៌” លើសពីនេះ គណបក្សបានសម្រេច ជ្រើសរើស អនុប្រធាន ៣រូប សមាសភាពគណៈកម្មាធិការនាយក ១២៥រូបយ៉ាងតិច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៌យ៉ាងតិច ១១រូប និងអគ្គលេខាធិការរងរបស់គណបក្សចំនួន ៣រូប ផងដែរ។
ឯកឧត្តម ប្តេជ្ញាថា នឹងបន្តដឹកនាំគណបក្សយុវជនសម្រាប់អាណត្តិថ្មីឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដូចជា គណបក្សយុវជនកម្ពុជានឹងដឹកនាំតាមរបបប្រជាធិបតេយ្យចាប់ពីផ្ទៃក្នុងគណបក្សជានិច្ច ដែលនឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានគណបក្សរៀងរាល់១អាណត្តិ ៥ឆ្នាំម្តង។

ប្រធានបក្សទើបនឹងជាប់ឆ្នោតរូបនេះ បញ្ជាក់ថា ប្រធានគណបក្សដែលបានជ្រើសរើសថ្មី គឺធានាបាននូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបេក្ខជនម្នាក់ៗព្រមទួទួលយកលទ្ធផលនៃការបោះឆ្នោតនោះដោយសុខចិត្ត ក្នុងនោះគណបក្សក៏នឹងជំរុញឲ្យមានការបណ្តុះបណ្តាលអំពីការផ្ទេរអំណាចដោយសន្តិវិធីនៅផ្ទៃក្នុងគណបក្សផងដែរ ដើម្បីជាគំរូដ៏ល្អមួយសម្រាប់ការផ្ទេរអំណាចនៅពេលគណបក្សយុវជនកម្ពុជាឈ្នះឆ្នោតដឹកនាំប្រទេស។

ឯកឧត្តម ពេជ ស្រស់ គូសបញ្ជាក់ថា មានតែគណបក្សយុវជនកម្ពុជាមួយប៉ុណ្ណោះដែលមានការបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មីរៀងរាល់១អាណត្តិម្តង ជាងនេះទៀត ប្រធានគណបក្សយុវជនកម្ពុជា សង្កត់ធ្ងន់ថា គណបក្សយុវជនកម្ពុជាប្តេជ្ញា កំចាត់អំពើពុករលួយចាប់ផ្តើមតាំងពីផ្ទៃក្នុងគណបក្ស រហូតដល់គណបក្សទទួលបានគាំទ្រពីពលរដ្ឋទៅដឹកនាំប្រទេសនាថ្ងៃអនាគត។
ឯកឧត្តម បានបង្ហាញជំហរគណបក្ស ដែលបដិសេធទៅ នឹងវប្បធម៌ជេរប្រមាថ លាបពណ៌ មួលបង្កាច់ ក្តិចត្រួយ ឬក៏បង្កើតសារនយោបាយបែបហិង្សាទៅកាន់គណបក្សដទៃដាច់អហង្ការ ជាពិសេសក្នុងសង្គមកម្ពុជា ពីព្រោះថាសកម្មភាពវប្បធម៌ជេរប្រមាថ លាបពណ៌ មួលបង្កាច់ ក្តិចត្រួយ ឬក៏បង្កើតសារនយោបាយបែបហិង្សារវាងពូសាសន៍ខ្លួនឯងគឺជាមូលហេតុនាំទៅរកការបែកបាក់ជាតិយ៉ាងធ្ងន់ធ្ងរបំផុត។

ឯកឧត្តមបានបន្តទៀតថា គណបក្សប្តេជ្ញាបំរើផលប្រយោជន៌ជាតិ និងប្រជាពលរដ្ឋ ឥតងាករេ និងប្រឆាំងដាច់ខាតជនប្រព្រឹត្តអំពើពុករលួយលួចផលប្រយោជន៌ និងទ្រព្យសម្បត្តិជាតិ និងអំពើពុករលួយគ្រប់រូបភាព លើស ពីនេះ គណបក្សយុវជនកម្ពុជា នឹងប្រកាន់ខ្ជាប់នូវការមិនកេងចំណេញលើប្រជាពលរដ្ឋរងគ្រោះជាដាច់ខាត ប៉ុន្តែនឹងជុំរុញឲ្យមានវប្បធម៌ផ្តល់ការស្រលាញ់ និងការសង្គ្រោះរវាងគ្នានិងគ្នាចំពោះប្រជាពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ ដែលនាំទៅរកការសាមគ្គីជាតិ និងឯកភាព នៃពូជសាសន៍ខ្មែរទាំងមូល។

ឯកឧត្តម ពេជ្រ ស្រស់ អះអាងថា គណបក្សយុវជនកម្ពុជា នឹងបន្តដំណើរកសាងជាតិតាមជំហ៊ានគីង្គក់តាមលទ្ធភាពដែលអាចធ្វើទៅបាន បើទោះបីជារងនូវការលាបពណ៌ ឬមួលបង្កាច់ពីជនអគតិយ៉ាងណាក៏ដោយ ពីព្រោះថា គណបក្សយុវជនកម្ពុជា គឺជាក្រុមជួយសង្គ្រោះយ៉ាងពិតប្រាកដ ដែលមិនប្រកាន់និនា្នការនយោបាយ ទោះធ្លាប់ត្រូវអ្នកដែលខ្លួនកំពុងជួយសង្គ្រោះនោះ ជេរប្រមាទ ឬលាបពណ៌ ក៏ដោយ ក៏គណបក្សយុវជនកម្ពុជា នៅតែបន្តឆន្ទៈបំរើជាតិ បំរើប្រជាពលរដ្ឋខ្មែរដោយមិនរុញរានោះឡើយ។

ឯកឧត្តម ពេជ្រ ស្រស់ ក៏បានអំពាវនាវ និងលើកទឹកចិត្តទៅដល់ អ៊ុ ពូ មា មីង ដែលជាចាស់ព្រឹទ្ធាចារ្យ ជាឳពុក ជាម្តាយ នៃយុវជនស្នេហាជាតិបើកឱកាសឲ្យពួកគេអាចចូលរួមជួយកសាងប្រទេសជាតិ តាមរយៈគណបក្សយុវជនកម្ពុជា ដែលជាគណបក្សផ្តល់នូវសេចក្តីស្រលាញ់ពិតប្រាកដ និងមិនបោកបញ្ឆោតទឹកចិត្តរាស្រ្តឡើយ ប៉ុន្តែជាកន្សែងដើរជូតទឹកភ្នែករបស់ពលរដ្ឋដែលកំពុងយំ ជួយព្យាបាល និងសង្គ្រោះ ទៅវិញប៉ុណ្ណោះ។

កាលពីថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គណបក្សយុវជនកម្ពុជា Cambodian Youth Party បានប្រារព្ធពិធីខួប ៥ឆ្នាំ នៃការបង្កើតគណបក្ស ព្រមទាំងធ្វើសមាជបក្សរបស់ខ្លួន ដើម្បីជ្រើសរើសប្រធានបក្សថ្មីតាមរយៈនៃការបោះឆ្នោត ដែលស្របតាមឆន្ទៈសមាជិក និងអ្នកគាំទ្រ របស់ខ្លួន។
សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបានចេញលិខិតអនុញាតិឲ្យគណបក្សយុជវជនកម្ពុជា (គ.យ.ក) ដែលមានលោក ពេជ្រ ស្រស់ ជាប្រធាន ដើម្បីឲ្យដំណើរជាផ្លូវការ និងអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនដោយស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដូចដែលមានចែង។

យ៉ាងណាក៏ដោយ គណបក្សយុវជនកម្ពុជាបានចូលរួមបោះឆ្នោត២លើករួចមកហើយ លើកទី១គឺចូលរួមឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមីនា ឆ្នាំ២០១៧ និងលើកទី២ ចូលរួមបោះឆ្នោតជាតិ នៅខែកញ្ញា ឆ្នាំ២០១៨។ ក្រោយការបោះឆ្នោតទាំងពីរលើកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ដែលមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី ដើម្បីជួយដោះស្រាយបញ្ហានានាជូនជាតិ។

គួរបញ្ជាក់ថា ឯកឧត្តម ពេជ ស្រស់ ទទួលបានការគាំទ្រតាមរយៈសំលេងឆ្នោតលើសលប់ពីសមាជិកអង្គសមាជកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលនឹងត្រូវដឹកនាំគណបក្សយុវជនកម្ពុជាសម្រាប់អាណត្តិ ៥ឆ្នាំ ទៅមុខបន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង