ឯកឧត្តម ពេជ្រ ស្រស់ ស្នើអោយពន្លឿន អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងៗ
ភ្នំពេញ៖ ដោយសង្កេតឃើញថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់មាន ភាពថមថយនោះ ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើឲ្យពន្លឿន ការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរ ផ្សេងទៀត ខណៈច្បាប់នេះ មានគោលដៅ ផាកពីន័យនិងដាក់ទោសទណ្ឌ ចំពោះអ្នកគេចវេះ ពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីទីកន្លែង ធ្វើចត្តាឡីស័ក។
យោងតាមសេចក្តីថ្លែងហេតុ នៃច្បាប់នេះ បានបង្ហាញថា អំពើគេចវេះ ពីការធ្វើចត្តាឡីស័ក ឬ គេច ចេញពីទីកន្លែងធ្វើចត្តាឡីស័ក អំពើគេចវេះ ពីការធ្វើចាត្តាឡីស័ក ក្នុងអំឡុងពេល ធ្វើចាត្តាឡីស័ក ដែលកំណត់ដោយ ក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងបញ្ជាក់តាម រយៈបទសម្ភាសន៍នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ថា«ស្នើឲ្យពន្លឿនច្បាប់ ដែលគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាច្បាប់ទប់ស្កាត់ ការល្មើសបំរាមនានា ដែលអាសន្នរោគកើតឡើង មិនមែនតែកូវីដ១៩នោះទេ។ អីចឹងនរណាដែលល្មើស បំរាមនានា ត្រូវតែដាក់ទោសទណ្ឌ ដាក់ពន្ធនាគារ អីចឹងត្រូវតែពន្លឿន ឲ្យឆាប់ចេញព្រោះកូវីដ១៩ មិនទាន់អាចផុតរលត់ ក្នុងពេលដ៏ខ្លីខាងមុខនេះទេ វាអាចអូសបន្លាយ ទៅខាងមុខ ដែលយើងមិនអាច ទស្សន៍ទាយដឹង»។
ជាមួយគ្នានោះ ប្រធានគណបក្សយុវជនកម្ពុជា បានណែនាំដល់បងប្អូន ជនរួមជាតិទាំងអស់ សូមចូលរួមការពារ អាយុជីវិតខ្លួនឯង ដោយអនុវត្តន៍ តាមការណែនាំ របស់ក្រសួងសុខាភិបាល ព្រោះគ្មានអ្នកណាស្រឡាញ់ជីវិត យើងជាខ្លួនយើងនោះទេ។
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ដែលមាន៦ ជំពូក និង១៨មាត្រាត្រូវបាន រដ្ឋសភាអនុម័ត ក្នុងសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។
សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជា យន្តការមួយដ៏សំខាន់ ក្នុងការកំណត់ អំពីវិធានការសុខាភិបាល វិធានការ រដ្ឋបាលនិងវិធានការ ផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរ ផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិត ប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយ ឲ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងជំងឺ នេះចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៦ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៩១នាក់ និងអ្នកជំងឺកំពុងព្យាបាលចំនួន៤៦១នាក់ ៕